ព័ត៌មានបំភាន់ Disinformation
ធនធាននេះផ្តោតលើ ព័ត៌មានបំភាន់ ដែលជាព័ត៌មានដែលត្រូវបានគេបង្កើត ឬចែករំលែក ដោយចេតនា ដើម្បីបោកប្រាស់ និងបង្កគ្រោះថ្នាក់ ។
ពត៌មានបំភាន់ គឺជាព័ត៌មានខុស ឬមិនត្រឹមត្រូវ ដែលត្រូវបានចែករំលែកដោយមិនមានចេតនាដើម្បីបោកបញ្ឆោត ឬបង្កគ្រោះថ្នាក់ ។
អង្គភាពចារកម្មសន្តិសុខនូវែលសេឡង់ (NZSIS) កំណត់និយមន័យចំពោះព័ត៌មានបំភាន់ ថាជាព័ត៌មានដែលមានចេតនាឲ្យខុស ឬបំភាន់ ដោយមានចេតនាបង្កគ្រោះថ្នាក់ ឬសម្រេចបាននូវគោលបំណងទូលំទូលាយ ។ ជារឿយៗ ព័ត៌មានបែបនេះ ត្រូវបានផ្សព្វផ្សាយតាមអនឡាញ ឬនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែវាក៏អាចលេចឡើងនៅលើកញ្ចក់ទូរទស្សន៍ វិទ្យុ ឬនៅក្នុងសារព័ត៌មាន រួមទាំងកាសែតផងដែរ ។
រដ្ឋបរទេស និងភ្នាក់ងារតំណាងរបស់ពួកគេ អាចប្រើប្រាស់ព័ត៌មានបំភាន់ ជាផ្នែកនៃការជ្រៀតជ្រែកពីបរទេស ដើម្បីបញ្ចេញឥទ្ធិពល និងបន្លប់ពលរដ្ឋ និងសហគមន៍នានា ក្នុងន័យដែលនាំទៅរកគ្រោះថ្នាក់ ។
របៀបដែលព័ត៌មានបំភាន់អាចរីកសុះសាយ
ព័ត៌មានបំភាន់ អាចរីកសុះសាយតាមវិធីជាច្រើន រួមមាន ៖
- កម្មវិធីផ្ញើសារ និងបណ្តាញសហគមន៍ ដែលជារឿយៗ ព័ត៌មានបែបនេះ ត្រូវបានបញ្ជូនបន្តរវាងអ្នកស្គាល់គ្នាដែលពួកគេជឿទុកចិត្ត ។
- ខ្លឹមសារដែលបានចែករំលែកនៅក្នុងសហគមន៍ ឬក្រុមដែលមានចំណាប់អារម្មណ៍ដូចគ្នា ដែលមនុស្សអាចទុកចិត្តច្រើនជាង ព្រោះព័ត៌មាននោះ ចេញមកពីប្រភពដែលពួកគេស្គាល់ ឬជាភាសាដែលពួកគេយល់ ។
- ព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយ ឬប្រភពខាងក្រៅប្រទេសនូវែលសេឡង់ ដែលអាចមិនស្របនឹងប្រព័ន្ធផ្សព្វផ្សាយ ឬបរិបទរបស់នូវែលសេឡង់ ។
- ថ្នាលប្រព័ន្ធផ្សព្វផ្សាយសង្គម អាចផ្សព្វផ្សាយព័ត៌មានមិនពិតបានយ៉ាងឆាប់រហ័ស ជាពិសេសព័ត៌មានដែលមានខ្លឹមសារជាទម្រង់ខ្លីៗ ដូចជា វីដេអូ TikTok, វីដេអូ Instagrams ឬវីដេអូ Twitter/X ។
- អ្នកមានឥទ្ធិពល/មនុស្សល្បី និងអ្នកមានឥទ្ធិពលកម្រិតតូច អាចផ្សព្វផ្សាយព័ត៌មានមិនពិតបាន ដោយសារពួកគេមានអ្នកតាមដានច្រើន ឬទទួលបានការទុកចិត្តខ្ពស់ ។
- ម៉ាស៊ីនស្វែងរកនៅលើអ៊ិនថឺណិត និងការណែនាំ នៅលើថ្នាលផ្សេងៗ អាចបង្ហាញព័ត៌មានមិនពិតដល់អ្នកប្រើប្រាស់ ទោះបីជាពួកគេមិនបានស្វែងរកវាក៏ដោយ ។
- ការចែករំលែកព័ត៌មានដោយមិនប្រើអ៊ិនថឺណិត ដូចជាខិត្តប័ណ្ណ ផ្ទាំងរូបភាព មាត់មួយទៅមាត់មួយនៅកន្លែងធ្វើការ សាលារៀន ឬសហគមន៍ ។
ប្រភេទព័ត៌មានបំភាន់
ពិចារណាលើអ្វីដែលអ្នកឃើញ
ពិនិត្យមើល ៖
- ថាតើព័ត៌មាននោះ ចេញមកពីប្រភពដែលអាចទុកចិត្តបានទេ ហើយថាតើគេហទំព័រព័ត៌មានដែលគួរឱ្យទុកចិត្តផ្សេងទៀតរាយការណ៍ព័ត៌មានដូចគ្នានេះដែរឬទេ ។ ពិនិត្យមើលធនធានរបស់ Netsafe អំពីរបៀបសម្គាល់ព័ត៌មានក្លែងក្លាយ ដើម្បីស្វែងយល់បន្ថែម ។
- កន្លែងដែលរឿងដើម ឬព័ត៌មាននោះ បានលេចឡើង ហើយអ្នកណាជាអ្នកផ្សព្វផ្សាយ ឬចែករំលែកព័ត៌មាននោះ ។
- តើអ្នកនិពន្ធជានរណា ហើយគេមាន សាវតារ គោលបំណង ឬចំណាប់អារម្មណ៍ បែបណា (ឧទាហរណ៍ ថាតើពួកគេកំពុងព្យាយាមជូនដំណឹង បញ្ចុះបញ្ចូល ផ្សព្វផ្សាយទស្សនៈជាក់លាក់ណាមួយ ឬមានបំណងមានឥទ្ធិពលលើគំនិតរបស់មនុស្ស) ។
ពិចារណា ៖
- ផ្អាកបន្តិច នៅពេលដែលខ្លឹមសារព័ត៌មាន បង្កឱ្យមានប្រតិកម្មផ្លូវចិត្តខ្លាំង (ឧ. ភាពបន្ទាន់ ការភ័យខ្លាច ឬកំហឹង) ។
- សួរថាហេតុអ្វី បានជាខ្លឹមសារនោះត្រូវបានបង្កើតឡើង ឬចែករំលែក (ឧ. ដើម្បីមានឥទ្ធិពលលើមតិ បង្កើនចំនួនអ្នកចុចមើល ឬជម្រុញឲ្យមានសកម្មភាពភ្លាមៗ) ។
- គិតមើលថាតើនរណាបានផលប្រយោជន៍ ប្រសិនបើព័ត៌មាននោះត្រូវបានជឿ ឬត្រូវបានចែករំលែកបន្ត ។
ឧទាហរណ៍ ប្រសិនបើអ្នកឃើញការបង្ហោះដែលនិយាយថា 'ចែករំលែកវាឥឡូវនេះ មុនពេលគេលុបវាចោល' ត្រង់នេះគួរតែធ្វើឱ្យអ្នកឈប់មិនអាន/មើលបន្ត ហើយគិតអំពីមូលហេតុដែលគេចែករំលែកព័ត៌មាននេះ ។
អ្វីដែលត្រូវធ្វើនៅពេលអ្នក មិនប្រាកដក្នុងចិត្ត
សូមចងចាំថា មិនជាបញ្ហាអ្វីឡើយ បើអ្នកមិនអាចដឹងភ្លាមៗថាតើនោះជាព័ត៌មានមិនពិតដែរឬទេ ។
ការចំណាយពេលគិត មុនចែករំលែកព័ត៌មាន អាចផ្តល់ឱកាសឲ្យអ្នកពិចារណា ថាតើព័ត៌មាននោះពិត ឬមិនពិត ពិនិត្យមើលការពិត និងជៀសវាងការផ្សព្វផ្សាយអ្វីមួយដែលមិនត្រឹមត្រូវ ។
អ្នកក៏អាចនិយាយជាមួយមនុស្សដែលអាចទុកចិត្តបាន ដូចជាសមាជិកគ្រួសារ ឬមិត្តភ័ក្តិ ដើម្បីស្តាប់នូវអ្វីដែលពួកគេគិតអំពីព័ត៌មាន ។
ពត៌មានមិនពិត ដែលប្រើដោយរដ្ឋបរទេស និងភ្នាក់ងារតំណាងរបស់ពួកគេ
ខាងក្រោមនេះជាលក្ខណៈមួយចំនួននៃព័ត៌មាន ដែលត្រូវបានប្រើដោយចេតនាក្នុង ការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយរដ្ឋបរទេស និង ភ្នាក់ងារតំណាងរបស់ពួកគេ ៖
- ដាស់អារម្មណ៍ខ្លាំង ខណៈដែលមានចេតនាមិនបញ្ចូលការពិត ឬភស្តុតាងសំខាន់ៗ ដើម្បីជំរុញឱ្យមានកំហឹង ការភ័យខ្លាច ឬការខឹងសម្បា ។
- បង្ហាញព័ត៌មាន ក្នុងន័យបំភាន់ ឬបំផ្លើសការពិត ដើម្បីបង្កឱ្យមានប្រតិកម្ម ឬធ្វើឲ្យព័ត៌មាននោះសាយភាយយ៉ាងឆាប់រហ័ស ។
- ប្រើភាសាបង្កឲ្យមានភាពរំជួលចិត្ត ដើម្បីជំរុញប្រតិកម្មពីអ្នកអាន ជាជាងផ្តល់ព័ត៌មានដល់ពួកគេ ។
- បង្ហាញភាពលំអៀងយ៉ាងច្បាស់ ឬផ្អែកលើទម្លាប់ការគិតរបស់មនុស្ស ដើម្បីមានឥទ្ធិពលលើរបៀបដែលមនុស្សគិតអំពីបញ្ហា ឬក្រុមណាមួយ ។
- មិនសរសេរចូលទស្សនៈ ឬការយល់ឃើញផ្សេង ដើម្បីបង្ហាញតែមួយចំហៀងនៃសាច់រឿង ។
- បញ្ចូលព័ត៌មានដែលមិនត្រឹមត្រូវ ព័ត៌មានដែលបានរៀបចំ ឬព័ត៌មានដែលហួសសម័យ ដែលបង្ហាញឲ្យមើលទៅដូចជាព័ត៌មានដែលត្រឹមត្រូវ ។
- មានកំហុសអក្ខរាវិរុទ្ធ ឬវេយ្យាករណ៍ញឹកញាប់ ដែលជួនកាលអាចបង្ហាញថាមានភាពគួរឲ្យទុកចិត្តទាប ឬខ្លឹមសារត្រូវបានបង្កើតឡើងយ៉ាងឆាប់រហ័ស ។
- ប្រើរូបភាព ឬវីដេអូដែលមានគុណភាពទាប កែសម្រួល ឬក្រៅបរិបទ ដើម្បីគាំទ្រសាច់រឿងបំភាន់ ។
គ្រប់គ្រងព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក។
ប្រសិនបើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយ កំពុងចែករំលែកព័ត៌មានមិនពិត ឬបំភាន់ ៖
- ប្លុក ឬឈប់តាមដាន គណនីនោះ ដើម្បីការពារមិនឲ្យមាតិកាស្រដៀងគ្នាហូរចូលក្នុងគណនីរបស់អ្នកបន្ថែមទៀត ។
- រាយការណ៍គណនីនោះ នៅលើថ្នាលប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីជួយកាត់បន្ថយខ្លឹមសារគ្រោះថ្នាក់នៅលើបណ្តាញអ៊ីនធឺណិត ។
របៀបរាយការណ៍ព័ត៌មានបំភាន់
អ្នកអាចរាយការណ៍អំពីមាតិកាដែលបង្កគ្រោះថ្នាក់ ឬមិនពិតតាមអនឡាញ ៖
- រាយការណ៍ព័ត៌មានមិនពិត និងខ្លឹមសារផ្សេងទៀតដែលបង្កគ្រោះថ្នាក់ នៅលើគេហទំព័រ Netsafe ។
- ប្រសិនបើខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយមានការបំភាន់ ឬបំពានច្បាប់នៃការផ្សាយព័ត៌មាន សូមប្តឹងទៅកាន់ ក្រុមប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយនូវែលសេឡង់ ឬ អាជ្ញាធរស្តង់ដារការផ្សាយពាណិជ្ជកម្ម ។
- រាយការណ៍ព័ត៌មានមិនពិតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយប្រើមុខងាររាយការណ៍របស់វេទិកា ។
ស្វែងយល់បន្ថែមលើទំព័រ Netsafe
Netsafe គឺជាអង្គការសុវត្ថិភាពអនឡាញឯករាជ្យ និងមិនរកប្រាក់ចំណេញរបស់ប្រទេសនូវែលសេឡង់ ដែលផ្តល់ការគាំទ្រសុវត្ថិភាពតាមអនឡាញ ផ្តល់ជំនាញ និងការអប់រំដល់ពលរដ្ឋនូវែលសេឡង់ រួមមាន ៖ កុមារ និងមនុស្សវ័យក្មេង ឪពុកម្តាយ និងអ្នកមើលថែកុមារ មនុស្សពេញវ័យ និងមនុស្សចាស់ ។
Headspace Invaders
Headspace Invaders គឺជាវេទិកាទំនាក់ទំនងសម្រាប់ជួយពលរដ្ឋក្មេងៗ អាយុពី 12 ឆ្នាំដល់ 16 ឆ្នាំ ក្នុងការកសាងទំនុកចិត្ត និងកសាងជំនាញការគិតស៊ីជម្រៅ នៅពេលរុករកព័ត៌មានតាមអ៊ីនធឺណិត ដើម្បីជួយយុវជនសម្គាល់ពីឧបាយកល សម្ពាធ និងគ្រោះថ្នាក់តាមអនឡាញ ។