ឧទាហរណ៍នៃការជ្រៀតជ្រែកពីបរទេសដែលប៉ះពាល់ដល់អង្គការសហគមន៍

អង្គការសហគមន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ និងកសាងសហគមន៍ មានឥទ្ធិពលលើការ​សម្រេចចិត្ត និងភ្ជាប់ទំនាក់ទំនងជាមួយក្រុមចម្រុះ ។

បណ្តាញដ៏ទូលំទូលាយ និងការទំនាក់ទំនងដែលទទួលបានការជឿទុកចិត្តរបស់អង្គការសហគមន៍ ធ្វើ​ឱ្យពួកគេក្លាយជាតួអង្គយ៉ាងសំខាន់ក្នុងភាពជាអ្នកដឹកនាំ និងការចូលរួមរបស់សហគមន៍ ។

ការជ្រៀតជ្រែកពីបរទេសដែលកំណត់គោលដៅលើអង្គការសហគមន៍តាមរយៈ សកម្មភាពសម្ងាត់ ការបង្ខិតបង្ខំ ការបោកប្រាស់ ឬអំពើពុករលួយ អាចធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យភាព​របស់អង្គការ​នេះ ធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តសហគមន៍ និងសាមគ្គីភាពសង្គម ។

វាក៏អាចគំរាមកំហែងដល់សុវត្ថិភាព សន្តិសុខ និងសេរីភាពនៃការបញ្ចេញមតិ និងការចងក្រង​សមាគម​របស់អង្គការ និងសហគមន៍ទូលំទូលាយផងដែរ ។

ស្វែងយល់បន្ថែមអំពី របៀបដែលរដ្ឋបរទេសដែលពាក់ព័ន្ធនឹងការជ្រៀតជ្រែកពីបរទេស អាច​កំណត់​គោលដៅលើអង្គការសហគមន៍ នៅក្នុងប្រទេសនូវែលសេឡង់ និងរបៀបដែលអ្នកអាចការពារ​ខ្លួន​ពីសកម្មភាពបែបនេះ

ខាងក្រោមនេះគឺជាឧទាហរណ៍បីអំពីរបៀបដែលការជ្រៀតជ្រែកពីបរទេសអាចប៉ះពាល់ដល់អង្គការសហគមន៍ ។ នៅក្នុងឧទាហរណ៍ទាំងនេះ “រដ្ឋបរទេស” មានន័យថាប្រទេសណាមួយក្រៅ​ពី​នូវែលសេឡង់ ។

ឧទាហរណ៍ទាំងនេះផ្អែកលើចំណេះដឹង និងបទពិសោធន៍ដែលពហុវប្បធម៌នូវែលសេឡង់ - សហព័ន្ធក្រុមប្រឹក្សាពហុវប្បធម៌នូវែលសេឡង់ បានចែករំលែកជាមួយក្រសួងសហគមន៍​ជនជាតិ​ភាគតិច ។ យើងសូមថ្លែងអំណរគុណដល់ពួកគេចំពោះការចូលរួមចំណែកដ៏មានតម្លៃ ចំពោះ​ធនធាន​នេះ និងធនធាន 'ការការពារអង្គការសហគមន៍របស់អ្នកពីការជ្រៀតជ្រែកពីបរទេស'

ឧទាហរណ៍ខាងក្រោមនេះគឺជាសេណារីយ៉ូសម្មតិកម្មដែលបង្ហាញពីសកម្មភាពដែលអាចចាត់ទុកថាជាការជ្រៀតជ្រែកពីបរទេសក្រោមច្បាប់ឧក្រិដ្ឋកម្មឆ្នាំ 1961 ។

នេះជាព័ត៌មានទូទៅ ។ វាគឺសម្រាប់តែការយល់ដឹងរបស់អ្នកប៉ុណ្ណោះ ហើយមិនមែនជាដំបូន្មាន​ផ្នែកច្បាប់ឡើយ ។ សម្រាប់ដំបូន្មានផ្នែកច្បាប់ជាក់លាក់ សូមពិភាក្សាជាមួយអ្នកជំនាញផ្នែក​ច្បាប់​ដែលមានសមត្ថភាព ។

ឧទាហរណ៍ទី 1 ៖ សមាជិកក្រុមប្រឹក្សាភិបាលដែលទើបជាប់ឆ្នោតថ្មី ដែលធ្វើសកម្មភាពក្នុងនាមរដ្ឋបរទេស

អង្គការសហគមន៍មួយ រៀបចំការបោះឆ្នោតក្រុមប្រឹក្សាភិបាលរៀងរាល់ពីរឆ្នាំម្តង ។ សមាជិកថ្មីពីរ​រូបត្រូវ​បានជ្រើសរើសបន្ទាប់ពីធ្វើយុទ្ធនាការ និងចូលរួមជាមួយសហគមន៍ ។

បន្ទាប់ពីជាប់ឆ្នោតហើយ សមាជិកទាំងពីររូបនេះ បានធ្វើសកម្មភាពជាតំណាងជំនួសឲ្យរដ្ឋាភិបាល​នៃប្រទេសកំណើតរបស់ពួកគេ ។ ពួកគេបានធ្វើសកម្មភាពក្រោមការបង្គាប់​បញ្ជារបស់រដ្ឋាភិបាល​បរទេស ហើយទំនាក់ទំនងនេះត្រូវបានលាក់បាំងដោយចេតនាពីអង្គការសហគមន៍ ។

សមាជិកទាំងពីររូបបានព្យាយាមដោយចេតនាដើម្បីបង្ក្រាបបញ្ហាសហគមន៍មួយចំនួនដែលប៉ះ ពាល់​ដល់ផលប្រយោជន៍របស់រដ្ឋបរទេស ។ ពួកគេបានបង្ហាញសកម្មភាពរបស់ពួកគេថាជាការ​ធ្វើការ​សម្រេចចិត្តធម្មតារបស់អង្គការសហគមន៍ ប៉ុន្តែពួកគេកំពុងព្យាយាមបោកប្រាស់ដើម្បីជំរុញ​ផលប្រយោជន៍របស់រដ្ឋាភិបាលបរទេស ។ ពួកគេក៏បានដាក់សម្ពាធលើសមាជិកក្រុមប្រឹក្សាភិបាល​ផ្សេងទៀតដែលមិនយល់ស្រប ហើយបានផ្សព្វផ្សាយទស្សនៈដែលស្របតាមរដ្ឋបរទេស ។

នៅពេលដែលសមាជិកក្រុមប្រឹក្សាភិបាលផ្សេងទៀតនិយាយថាពួកគេកំពុងឆ្លុះបញ្ចាំងពីទស្សនៈពីមនុស្សនៅក្នុងសហគមន៍ សមាជិកទាំងពីរនាក់បានជំទាស់នឹងពួកគេ ដោយសួរថា "ពួកគេជានរ​ណា?" ហើយបានទាមទារព័ត៌មានផ្ទាល់ខ្លួនឯកជនអំពីសមាជិកសហគមន៍ទាំងនោះ ។ ដោយ​សង្ស័យ​ថាសមាជិកថ្មីអាចកំពុងធ្វើសកម្មភាពជាតំណាងរដ្ឋបរទេស សមាជិកក្រុមប្រឹក្សា​ភិបាល​ផ្សេងទៀតមិនបានផ្តល់ព័ត៌មាននេះឲ្យឡើយ ។

អង្គការនេះសង្ស័យថា សមាជិកថ្មីកំពុងរាយការណ៍ត្រឡប់ទៅរដ្ឋបរទេសវិញ បន្ទាប់ពីសមាជិកក្រុម​ប្រឹក្សាភិបាល​ផ្សេងទៀតបានទទួលការគំរាមកំហែងអនាមិកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់​ពីការពិភាក្សាអំពីបញ្ហាចម្រូងចម្រាសនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ។ កិច្ចប្រជុំទាំងនេះមិន​បើកចំហសម្រាប់សាធារណជន ឬសមាជិកសហគមន៍ឡើយ ហើយព័ត៌មានដែលបាន​ពិភាក្សាមិន​ត្រូវ​បានផ្សព្វផ្សាយជាសាធារណៈឡើយ ។

រដ្ឋបរទេសមួយបានប្រើប្រាស់តំណាងដើម្បីជ្រៀតជ្រែកដោយសម្ងាត់នៅក្នុងការសម្រេចចិត្តផ្ទៃក្នុងរបស់អង្គការនេះ និងបិទ មតិដែលខុសពីផលប្រយោជន៍របស់រដ្ឋបរទេសនោះ ។

ការប៉ុនប៉ងដោយចេតនាដើម្បីបិទមតិធ្វើឱ្យប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិរបស់ សហគមន៍ ។

ការទាមទារព័ត៌មានផ្ទាល់ខ្លួនក៏អាចប៉ះពាល់ដល់សុវត្ថិភាពរបស់សមាជិកសហគមន៍ផងដែរ ។

'តំណាងជំនួសម្នាក់ ឬតំណាងជំនួសច្រើននាក់' គឺជាបុគ្គល ឬក្រុមមួយ ដែលជារឿយៗ មាន​មូលដ្ឋាន​នៅក្នុងប្រទេសនូវែលសេឡង់ ដែលធ្វើសកម្មភាពក្នុងនាមរដ្ឋបរទេស ដើម្បីអនុវត្ត​សកម្មភាព​ដែលបង្កការព្រួយបារម្ភផ្នែកសន្តិសុខ ។

ឧទាហរណ៍ទី 2 ៖ ការប៉ុនប៉ងគ្រប់គ្រងថាអ្នកណាអាចចូលរួមក្នុង​ព្រឹត្តិការណ៍​សហគមន៍

អង្គការសហគមន៍មួយកំពុងរៀបចំពិធីបុណ្យវប្បធម៌ប្រចាំឆ្នាំរបស់ខ្លួន ដើម្បីអបអរសាទរ​បេតិកភណ្ឌ អត្តសញ្ញាណ និងប្រវត្តិសាស្ត្រសហគមន៍នៅក្នុងប្រទេសនូវែលសេឡង់។

បុគ្គលម្នាក់ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាតំណាងរបស់រដ្ឋាភិបាលបរទេស បានដាក់សម្ពាធលើអ្នករៀបចំព្រឹត្តិការណ៍នេះ ឱ្យដកសមាជិកសហគមន៍ណាមួយចេញ ដោយសារទស្សនៈរបស់ពួកគេត្រូវបានចាត់ទុកថា "ផ្ទុយនឹងផលប្រយោជន៍របស់ប្រទេស" ។

បុគ្គលរូបនេះបានព្រមានថា ប្រសិនបើអ្នករៀបចំមិនព្រមអនុវត្តតាមទេ ពួកគេនឹងទាក់ទងមេដឹកនាំ​សហគមន៍ដែលមានឥទ្ធិពល ដើម្បីរិះគន់អង្គការនេះជាសាធារណៈ ផ្សព្វផ្សាយសារអវិជ្ជមាន និង​ធ្វើ​ឲ្យ​ប៉ះពាល់ដល់ជំហរ និងភាពជឿជាក់របស់អង្គការនៅក្នុងសហគមន៍ ។

រដ្ឋបរទេសនោះបានដឹងថា រឿងនេះនឹងជះឥទ្ធិពលអវិជ្ជមានដល់សមត្ថភាពរបស់អង្គការ​សហគមន៍នេះ ក្នុងការទទួលបានមូលនិធិសហគមន៍ពីភ្នាក់ងាររដ្ឋាភិបាលនូវែលសេឡង់ និងអង្គការផ្តល់មូលនិធិផ្សេងទៀត ។

អង្គការនេះបានកំណត់ឃើញថា ការគំរាមកំហែងទាំងនេះកំពុងត្រូវបានប្រើដើម្បីបង្ខំពួកគេឱ្យធ្វើ​សកម្មភាព​ផ្ទុយ​នឹងតម្លៃនៃការរួមបញ្ចូលរបស់ពួកគេ និងដើម្បីជ្រៀតជ្រែកក្នុងការធ្វើការសម្រេចចិត្ត​របស់ខ្លួន ។ អង្គការនេះបានបដិសេធមិនដកមនុស្សនោះចេញទេ ប៉ុន្តែមានការព្រួយបារម្ភអំពីការ​ខូចខាត​ដែលអាចកើតមានចំពោះកេរ្តិ៍ឈ្មោះរបស់ពួកគេ ។

រដ្ឋបរទេសមួយមានបំណងគ្រប់គ្រងការចូលរួមរបស់សហគមន៍ដោយប្រើការបង្ខិតបង្ខំ និងការ​គំរាមកំហែងកេរ្តិ៍ឈ្មោះ ដើម្បីបង្ខំឱ្យមានការសម្រេចចិត្តដែលផ្ទុយនឹងតម្លៃនៃការរួមបញ្ចូល​របស់អង្គការ ។

រដ្ឋបរទេសបានជ្រៀតជ្រែកក្នុងអង្គការសហគមន៍មួយ ដើម្បីសម្រេចគោលដៅរបស់ខ្លួន ហើយការ​គំរាម​កំហែងនៃសកម្មភាពសងសឹករបស់ពួកគេ រារាំងអង្គការនេះពីការចូលរួមយ៉ាងពេញលេញនៅ​ក្នុង​សង្គមនូវែលសេឡង់ ។

ឧទាហរណ៍ទី 3 ៖ មូលនិធិ និងអំណោយដែលប្រើដើម្បីចូលមើល​ព័ត៌មា​ន​ផ្ទាល់​ខ្លួន​របស់សមាជិកសហគមន៍

អង្គការសហគមន៍ថ្មីមួយបានចាប់ផ្តើមពង្រីកមុខមាត់ និងឥទ្ធិពលរបស់ពួកគេនៅក្នុងសហគមន៍​របស់ពួកគេ ។

ពួកគេត្រូវបានអញ្ជើញឱ្យជួបជាមួយស្ថានទូតនៃប្រទេសកំណើតរបស់ពួកគេ ហើយបានទទួលយក​ការ​អញ្ជើញនោះ ។ ពួកគេមានអារម្មណ៍រីករាយដែលការងាររបស់ពួកគេកំពុងត្រូវបានទទួលស្គាល់ ហើយគិតថាវាជាឱកាសដ៏មានតម្លៃមួយដើម្បីកសាងទំនាក់ទំនងវិជ្ជមានជាមួយស្ថានទូត ។

នៅក្នុងកិច្ចប្រជុំនេះ ពួកគេត្រូវបានផ្តល់ជូននូវការគាំទ្រផ្នែកហិរញ្ញវត្ថុជាបន្តបន្ទាប់សម្រាប់អង្គការ និង​អំណោយសម្រាប់សមាជិកម្នាក់ៗ ។ ពួកគេក៏ត្រូវបានផ្តល់ការគាំទ្រជាសាធារណៈពីស្ថានទូតសម្រាប់សកម្មភាពរបស់អង្គការនេះផង ដែរ ។ អង្គការសហគមន៍បានកោតសរសើរចំពោះការទទួលស្គាល់ និងការលើកទឹកចិត្តចំពោះ​ការងារ​របស់ពួក​គេពីស្ថានទូត ។ យូរៗទៅ សកម្មភាពមួយចំនួនរបស់អង្គការនេះបានក្លាយជា​ពឹងផ្អែកលើការគាំទ្រផ្នែកហិរញ្ញវត្ថុនោះ ។

ប្រាំមួយខែក្រោយមក ស្ថានទូតបានស្នើសុំព័ត៌មានផ្ទាល់ខ្លួនឯកជនអំពីសមាជិកសហគមន៍ដែល​អង្គការនេះបានធ្វើការជាមួយ ដោយនិយាយថាអង្គការនេះ «ជំពាក់ពួកគេវិញ» ដោយសារ​តែការ​គាំទ្រ​ដែលបានផ្តល់ឲ្យ ។

អង្គការនេះត្រូវបានបង្ខិតបង្ខំ និងគំរាមកំហែងឱ្យផ្តល់ព័ត៌មានផ្ទាល់ខ្លួន ប៉ុន្តែពួកគេបានបដិសេធ ។ ការគាំទ្រពីស្ថានទូតបានបញ្ឈប់ ដែលប៉ះពាល់ដល់សកម្មភាពមួយចំនួនរបស់អង្គការ ។

រដ្ឋបរទេសមួយបានប្រើអំណោយ និងមូលនិធិដោយចេតនា ក្នុងគោលបំណងទាញយក​ឥទ្ធិពល​លើអង្គការ ហើយបន្ទាប់មកបានព្យាយាមចូលមើលព័ត៌មានផ្ទាល់ខ្លួនដ៏រសើបអំពីសមាជិកសហគមន៍ ។

នេះគឺជាការប៉ុនប៉ងដោយបង្ខិតបង្ខំមួយដើម្បីប្រមូលព័ត៌មាន និងជ្រៀតជ្រែកក្នុងការសម្រេចចិត្ត​របស់​អង្គការ​សម្រាប់​គោល​បំណងផ្ទាល់ខ្លួនរបស់រដ្ឋបរទេស ។

ទាញយកព័ត៌មាននេះនៅទីនេះ - នឹងមកដល់ឆាប់ៗនេះ