រងសម្ពាធបង្ខំឲ្យមនុស្សត្រឡប់ទៅប្រទេសកំណើតវិញ

រដ្ឋបរទេសដែលដឹកនាំការជ្រៀតជ្រែកពីបរទេស អាចព្យាយាមគំរាមកំហែង ឬបង្ខំនរណាម្នាក់ ឲ្យ​ចាក​ចេញ​ពីប្រទេសនូវែលសេឡង់ ប្រឆាំងនឹងឆន្ទៈរបស់ពួកគេ ដើម្បីត្រឡប់ទៅប្រទេសកំណើត​របស់​ពួក​គេវិញ ។ ស្ថានភាពនេះ គេហៅថា ការធ្វើមាតុភូមិនិវត្តន៍ដោយបង្ខំ

ដើម្បីធ្វើដូច្នេះរដ្ឋបរទេសអាច ៖

  • ដាក់បម្រាមការធ្វើដំណើរលើបុគ្គលនោះ ឬក្រុមគ្រួសារ ឬសហការីរបស់ពួកគេ ដើម្បីរឹត​បន្តឹង​ការផ្លាស់ទី និងដាក់សម្ពាធឱ្យបុគ្គលនោះ ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ។
  • បង្កកទ្រព្យសម្បត្តិហិរញ្ញវត្ថុនៅក្នុងប្រទេសកំណើតរបស់ពួកគេ ។
  • បៀតបៀន ឬបំភិតបំភ័យដល់ក្រុមគ្រួសារ មិត្តភ័ក្តិ ឬសហការីនៅក្នុងប្រទេសកំណើត​របស់ពួកគេ ឬដាក់សម្ពាធពួកគេឱ្យលើកទឹកចិត្តបុគ្គលនោះឱ្យត្រឡប់មកស្រុកវិញ ។

វាជារឿងសំខាន់ដែលអ្នកត្រូវចងចាំថា  ការធ្វើមាតុភូមិនិវត្តន៍ដោយបង្ខំមិនមែនជាអ្វីដែលមនុស្សភាគច្រើនជួបប្រទះឡើយ ទោះបីជាពួកគេ ជាគោលដៅនៃការជ្រៀតជ្រែកពីបរទេសក៏ដោយ ។

បត្យាប័ន

តើអ្វីជាបត្យាប័ន 

ការធ្វើបត្យាប័ន គឺជាដំណើរការផ្លូវច្បាប់ ជាផ្លូវការរវាងប្រទេសនានាសម្រាប់ការបញ្ជូន​បុគ្គល​ណាម្នាក់ត្រឡប់ទៅវិញ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ ឬដាក់ទោស ។ នីតិវិធី​ធ្វើបត្យាប័នរបស់ប្រទេសនូវែលសេឡង់ត្រូវបានដាក់ក្នុងច្បាប់ស្តីពីការធ្វើបត្យាប័នឆ្នាំ 1999 ។

ការធ្វើបត្យាប័នតាមផ្លូវច្បាប់ មិនមែនជាទម្រង់នៃការជ្រៀតជ្រែកពីបរទេសឡើយ ។

តើអាចស្នើសុំធ្វើបត្យាប័ននៅពេលណា 

ប្រសិនបើការចោទប្រកាន់ព្រហ្មទណ្ឌត្រូវបានប្តឹងប្រឆាំងនឹងបុគ្គលណាមួយ នៅក្នុងប្រទេស​កំណើត​របស់ពួកគេ ឬពួកគេមិនទាន់បានអនុវត្តទោសរបស់ខ្លួនឲ្យបានពេញលេញ ប្រទេសនោះ​អាច​ស្នើសុំធ្វើបត្យាប័នទៅកាន់ប្រទេសដែលបុគ្គលនោះរស់នៅបច្ចុប្បន្ន ។

ប្រទេសដែលស្នើសុំការធ្វើបត្យាប័ន អាចពឹងផ្អែកលើសន្ធិសញ្ញាអន្តរជាតិ ឬលើច្បាប់ក្នុងស្រុករបស់​ប្រទេសបរទេស ។ ច្បាប់ស្តីពីការធ្វើបត្យាប័ន មិនតម្រូវឱ្យប្រទេសបរទេស មានសន្ធិសញ្ញាដើម្បី​ស្នើ​សុំការធ្វើបត្យាប័នពីនូវែលសេឡង់នោះឡើយ ។

សំណើធ្វើបត្យាប័ន គឺជាពាក្យស្នើសុំចាប់ខ្លួន និងបញ្ជូនជនជាប់ពាក់ព័ន្ធ ទៅកាត់ទោស ឬបន្ត​អនុវត្ត​ទោសនៅក្នុងប្រទេសកំណើត ។

របៀបដែលនូវែលសេឡង់ដោះស្រាយសំណើធ្វើបត្យាប័ន 

នៅប្រទេសនូវែលសេឡង់ សំណើធ្វើបត្យាប័ន ដែលធ្វើឡើងដោយប្រទេសផ្សេងទៀត ត្រូវបាន​ពិចារ​ណាដោយរដ្ឋាភិបាល និងតុលាការ ។

ច្បាប់នូវែលសេឡង់ តម្រូវឱ្យអាជ្ញាធរបដិសេធសំណើធ្វើបត្យាប័ន ប្រសិនបើបត្យាប័ន ត្រូវបាន​ប្រើប្រាស់ដើម្បីធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ។

ក្នុងនេះ យើងរាប់បញ្ចូលទាំងកន្លែងដែលបុគ្គលនោះកំពុងត្រូវបានកាត់ទោសក្នុងគោលបំណង​ដាក់ទណ្ឌកម្មលើពួកគេ ដោយសាររឿងពូជសាសន៍ ដើមកំណើត ជាតិសាសន៍ សាសនា សញ្ជាតិ ភេទ ឬស្ថានភាពផ្សេងទៀត ឬទស្សនៈនយោបាយ ឬចំពោះបទល្មើសដែលមានលក្ខណៈ​នយោបាយ (ដូចជាពាក់ព័ន្ធនឹងគោលគំនិត ឬសកម្មភាពនយោបាយរបស់នរណាម្នាក់) ។

នូវែលសេឡង់ ក៏អាចបដិសេធសំណើធ្វើបត្យាប័នរបស់ប្រទេសបរទេសផងដែរ ប្រសិនបើការ​ចោទប្រកាន់លើបុគ្គលនោះ មិនត្រូវបានធ្វើឡើងដោយសុចរិតភាព និងមិនស្របនឹងផលប្រយោជន៍​នៃយុត្តិធម៌ទេនោះ  ។ ករណីនោះ អាចត្រូវបានបដិសេធ ប្រសិនបើពិចារណាគ្រប់កាលៈទេសៈ​ទាំង​អស់ទៅឃើញថា ការបញ្ជូនបុគ្គលនោះត្រឡប់វិញ គឺជាអំពើអយុត្តិធម៌ ឬជាការគៀបសង្កត់ ។

របៀបគ្រប់គ្រងការធ្វើបត្យាប័ននៅនូវែលសេឡង់ 

ប្រសិនបើមានដីកាចាប់ខ្លួនត្រឹមត្រូវ ឬការចោទប្រកាន់ព្រហ្មទណ្ឌពីប្រទេសមួយផ្សេងទៀត រដ្ឋាភិបាលនូវែលសេឡង់ គ្រប់គ្រងការធ្វើបត្យាប័នតាមរយៈដំណើរការផ្លូវការដែលត្រូវបាន​ទទួលស្គាល់ជាអន្តរជាតិ ។ អាជ្ញាធរបរទេស មិនអាចចាប់ខ្លួន ឃាត់ខ្លួន ឬចូលទៅជិតមនុស្ស​នៅប្រទេសនូវែលសេឡង់ ដែលជាផ្នែកនៃដំណើរការធ្វើបត្យាប័ននោះបានឡើយ ។

កន្លែងស្វែងរកជំនួយ

តំណាង និងដំបូន្មានផ្នែកច្បាប់

នាយកដ្ឋានរដ្ឋាភិបាលគ្រប់គ្រងដំណើរការធ្វើបត្យាប័ន ប៉ុន្តែពួកគេមិនអាចផ្តល់ដំបូន្មានផ្នែកច្បាប់​ដល់​បុគ្គលបានទេ ។

នោះមានន័យថា អ្នកណាម្នាក់ដែលប្រឈមនឹងសំណើធ្វើបត្យាប័ន គួរតែទាក់ទងមេធាវីដែលមាន​ឯកទេសខាង​ការ​ធ្វើបត្យាប័ន សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ។

ស្វែងយល់បន្ថែមអំពីជំនួយផ្នែកច្បាប់ ដែលមាននៅក្នុងប្រទេសនូវែលសេឡង់នៅទីនេះ ។

ទាញយកព័ត៌មាននេះនៅទីនេះ - នឹងមកដល់ឆាប់ៗនេះ