នេះគឺជាឧទាហរណ៍មួយចំនួននៃការជ្រៀតជ្រែកពីបរទេសដែលជួបប្រទះដោយសហគមន៍ជនជាតិភាគតិច។ ឧទាហរណ៍ទាំងនេះផ្អែកលើបទពិសោធន៍ដែលសហគមន៍ជនជាតិបានចែករំលែកជាមួយក្រសួងសម្រាប់សហគមន៍ជនជាតិ (Ministry for Ethnic Communities)។

នៅក្នុងឧទាហរណ៍ទាំងនេះ "រដ្ឋបរទេស" មានន័យថាប្រទេសណាមួយក្រៅអំពីប្រទេសនូវែលសេឡង់។ ពាក្យនេះត្រូវបានប្រើដើម្បីសំដៅទៅលើប្រទេសដែលនៅក្រៅប្រទេសនូវែលសេឡង់។

បញ្ហាលិខិតឆ្លងដែន និងទិដ្ឋាការនៅពេលធ្វើដំណើរ

សមាជិកសហគមន៍តែងតែចង់ធ្វើដំណើរទៅកាន់ប្រទេសកំណើតរបស់ពួកគេ ដើម្បីជួបមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ។សម្រាប់បញ្ហានេះ ពួកគេប្រហែលជាត្រូវប្រើសេវាកុងស៊ុល។ សេវាកម្មទាំងនេះត្រូវបានផ្តល់ដោយស្ថានទូត ឬស្ថានកុងស៊ុលរបស់ប្រទេសមួយជូនដល់ពលរដ្ឋរបស់ខ្លួនដែលរស់នៅបរទេស ហើយដែលរួមមានការចេញលិខិតឆ្លងដែន ទិដ្ឋាការ ឯកសារធ្វើដំណើរ និងដោះស្រាយបញ្ហាផ្លូវច្បាប់ផ្សេងទៀត។

សមាជិកនៃសហគមន៍ជនជាតិភាគតិចនៅប្រទេសនូវែលសេឡង់ត្រូវបានប្រាប់ដោយបុគ្គលិកកុងស៊ុលថាពួកគេនឹងមិនទទួលបានការបន្តលិខិតឆ្លងដែន ឬទិដ្ឋាការទេ ប្រសិនបើពួកគេចូលរួមភ្ជាប់ជាមួយក្រុម ឬមនុស្សនៅក្នុងប្រទេសនូវែលសេឡង់ដែលរិះគន់រដ្ឋបរទេសនោះ។ នេះធ្វើឱ្យសហគមន៍មានអារម្មណ៍ថាមិនអាចបញ្ចេញទស្សនៈរបស់ពួកគេ និយាយជាមួយមនុស្សជាក់លាក់ខ្លះ តវ៉ា ឬចូលរួមជាក្រុម។ ការរឹតបន្តឹងទាំងនេះធ្វើឱ្យសហគមន៍នៅនូវែលសេឡង់មានអារម្មណ៍ថាជាប់គាំង និងបានគ្រប់គ្រងដោយរដ្ឋបរទេស។ នៅពេលដែលមនុស្សមិនអាចធ្វើដំណើរទៅជួបគ្រួសារ និងមិត្តភក្តិរបស់ពួកគេ នេះមានផលប៉ះពាល់យ៉ាងខ្លាំងដល់គ្រួសារ និងសុខុមាលភាពរបស់ពួកគេ។

ប៉ះពាល់ដល់ទីកន្លែងគោរពបូជា

នៅក្នុងសហគមន៍មួយ កន្លែងសំរាប់គោរពបូជាត្រូវបានកំណត់គោលដៅដោយការជ្រៀតជ្រែកពីបរទេស។ សមាជិកថ្មីម្នាក់ដែលហាក់ដូចជាអ្នកគោរពសាសនាដ៏ខ្លាំងខ្លា បានចូលរួមយ៉ាងខ្លាំងក្នុងសកម្មភាពសាសនារបស់សហគមន៍។ ពួកគេចាប់ ផ្តើមនិយាយច្រើនអំពីនយោបាយ ហើយប្រាប់ប្រជាជនឱ្យគាំទ្ររដ្ឋាភិបាលប្រទេសដើមរបស់ពួកគេ។ ពួកគេចង់ឱ្យមានការទេសនាដែលនិយាយអំពីនយោបាយ។ សមាជិកថ្មីនោះក៏បានព្យាយាមបញ្ឈប់មនុស្សមិនឲ្យរិះគន់រដ្ឋបរទេសដែរ។ ពួកគេត្រូវបានរដ្ឋបរទេសស្នើឲ្យធ្វើកិច្ចការទាំងអស់នេះ។

សមាជិកសហគមន៍ដែលបានរិះគន់រដ្ឋបរទេស នៅពេលដែលសមាជិកថ្មីមានវត្តមាននោះ បានទទួលការគំរាមកំហែង
អនាមិកតាមរយៈសារជាអក្សរ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ហេតុការណ៍នេះមិនបានកើតឡើងមុនពេលសមាជិកថ្មីមកដល់នោះទេ។ សហគមន៍សង្ស័យថាសមាជិកថ្មីកំពុងរាយការណ៍ត្រឡប់ទៅរដ្ឋបរទេសវិញ។ ពួកគេមើលឃើញថាបញ្ហាទាំងនេះចាប់ផ្តើមកើតឡើងបន្ទាប់ពីសមាជិកថ្មីនោះបានចូលរួម និងព្យាយាមធ្វើឱ្យប្រជាជនគាំទ្ររដ្ឋបរទេស។ ស្ថានភាពនេះបានធ្វើឲ្យមនុស្សមានអារម្មណ៍ថាមិនមានសុវត្ថិភាព និងមិនទុកចិត្តគ្នាទៅវិញទៅមក។ ស្ថានភាពនេះបានធ្វើឲ្យមានការពិបាកសម្រាប់សហគមន៍ក្នុងការជួបជុំគ្នា ហើយផ្តោតលើជំនឿរបស់ពួកគេនៅកន្លែងគោរពបូជានេះ។

សហគមន៍កំពុងស្ថិតក្រោមការតាមដានពីរដ្ឋបរទេស

នៅក្នុងសហគមន៍មួយ មនុស្សបានកត់សម្គាល់អាកប្បកិរិយាគួរឱ្យសង្ស័យពីសមាជិកសហគមន៍របស់ពួកគេម្នាក់។ បុគ្គលនេះហាក់ដូចជាតែងតែសួរអំពីទស្សនៈនយោបាយ និងសកម្មភាពរបស់មនុស្សផ្សេងទៀតនៅក្នុងសហគមន៍។ សហគមន៍បានរកឃើញថាបុគ្គលនេះត្រូវបានរដ្ឋបរទេសស្នើឱ្យរាយការណ៍ទៅស្ថានទូតរបស់ពួកគេនៅក្នុងប្រទេសនូវែលសេឡង់អំពីមនុស្សដែលរិះគន់រដ្ឋាភិបាលនៃប្រទេសដើមរបស់ពួកគេ។

សមាជិកសហគមន៍មួយចំនួនដែលបាននិយាយជាមួយបុគ្គលនេះ និងរិះគន់រដ្ឋបរទេសមានបញ្ហាដែលមិននឹកស្មានដល់ ដូចជាបញ្ហាទិដ្ឋាការ និងការសាកសួរនៅអាកាសយានដ្ឋាននៅពេលពួកគេទៅដល់ប្រទេសដើមរបស់ពួកគេ។ នេះមិនធ្លាប់កើតឡើងចំពោះពួកគេពីមុនមកទេ។ ពួកគេគិតថាបញ្ហាទាំងនេះបានកើតឡើងដោយសារតែការសន្ទនារបស់ពួកគេជាមួយសមាជិកសហគមន៍នោះ ត្រូវបានរាយការណ៍ទៅស្ថានទូត។ នេះធ្វើឲ្យមនុស្សក្នុងសហគមន៍ភ័យខ្លាច និងមិនទុកចិត្តគ្នា ដូច្នេះហើយពួកគេឈប់បញ្ចេញមតិពិតបន្តទៅទៀត។

ការបង្ហោះព័ត៌ផ្ទាល់ខ្លួនរបស់អ្នកដទៃដោយគ្មានការអនុញ្ញាត ការរំលោភបំពានតាមអនឡាញ និងការយាយី

សមាជិកសហគមន៍ដែលតែងតែរិះគន់រដ្ឋបរទេសជាសាធារណៈនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានជួបប្រទះការជ្រៀតជ្រែកពីបរទេស។ ព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេដូចជាអាសយដ្ឋាន លេខទូរស័ព្ទ និងអ៊ីមែលរបស់ពួកគេត្រូវបានបង្ហោះតាម អ៊ីនធឺណិត នេះហៅថា doxing (ដំណើរការនៃការស្វែងរក និងបោះពុម្ពផ្សាយឯកជន ឬកំណត់អត្តសញ្ញាណព័ត៌មានអំពីបុគ្គលជាក់លាក់ណាមួយនៅលើអ៊ីនធឺណិត ដែលជាធម្មតាមានចេតនាព្យាបាទ)។ មនុស្សដែលធ្វើការផ្សាយព័ត៌មានផ្ទាល់ខ្លួននោះ (doxing) ត្រូវរដ្ឋបរទេសស្នើឱ្យធ្វើបែបនេះ ។ សមាជិកសហគមន៍បានទទួលការហៅទូរស័ព្ទ និងសារគំរាមកំហែង។ គណនីបណ្ដាញសង្គមរបស់ពួកគេក៏ទទួលបានការបញ្ចេញមតិមិនសមរម្យជាច្រើនផងដែរ។ សមាជិកសហគមន៍មានអារម្មណ៍ភ័យខ្លាច និងគ្មានសុវត្ថិភាព។

ក្រោយមកពួកគេបានរកឃើញថា ការផ្សាយព័ត៌មានផ្ទាល់ខ្លួន (doxing) ត្រូវបានធ្វើឡើងដោយប្រជាជនក្នុងប្រទេស
នូវែលសេឡង់ ដែលកំពុងធ្វើការឱ្យរដ្ឋបរទេស។ សមាជិកសហគមន៍ត្រូវបានគេធ្វើការផ្សាយព័ត៌មានផ្ទាល់ខ្លួនដើម្បីបំភ័យ (was doxed to scare) ដើម្បីបន្លាចពួកគេ ហើយដើម្បីឲ្យពួកគេនឹងឈប់រិះគន់រដ្ឋបរទេសជាសាធារណៈនៅលើបណ្តាញសង្គម។ ពួកគេឈប់បញ្ចេញទស្សនៈរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយឈប់និយាយបញ្ចេញមតិដោយស្មោះត្រង់ទៀតផង។

ការកំណត់គោលដៅធ្វើបាបដល់ ក្រុមគ្រួសារនៅបរទេស

បុគ្គលម្នាក់ដែលជាតំណាងរដ្ឋាភិបាលបរទេស បានចូលមកទាក់ទងសមាជិកសហគមន៍ម្នាក់ ។ បុគ្គលនោះ បាន​ប្រាប់​សមាជិកសហគមន៍រូបនេះថា  គ្រួសាររបស់គាត់ នៅក្នុងប្រទេស​កំណើត​របស់គាត់ នឹងស្ថិតក្នុងគ្រោះថ្នាក់ ប្រសិនបើគាត់មិនព្រម​ចូលរួមក្នុងក្រុមដែល​រៀបចំដោយ​រដ្ឋាភិបាលបរទេសនោះទេ  ។ គោលបំណងរបស់ក្រុមនេះ គឺដើម្បីផ្សព្វផ្សាយសារ​នយោបាយ​នៅក្នុងសហគមន៍របស់ពួកគេ នៅក្នុងប្រទេសនូវែលសេឡង់ ក្នុងនាមរដ្ឋ​បរទេស ។ សមាជិកសហគមន៍រូបនោះ មិនចង់ចូលរួមក្នុងក្រុមនោះទេ ប៉ុន្តែគាត់ខ្លាចថាក្រុមគ្រួសាររបស់គាត់​មានគ្រោះថ្នាក់ និងមានអារម្មណ៍ថា បានរងគំនាបឱ្យចូលក្រុមនោះ  ដើម្បីសុវត្ថិភាពគ្រួសាររបស់គាត់ ។

ការ​ត្រូវ​បាន​បង្ខំ​ឱ្យ​ចូល​រួម​ក្រុមនោះ​ បាន​ធ្វើ​ឱ្យ​សមាជិក​សហគមន៍រូបនោះ​ មាន​អារម្មណ៍​ថា​គាត់កំពុងស្ថិតក្នុង​ការ​គំរាម​កំហែង​ និង​មិន​មាន​សុវត្ថិភាពក្នុងជីវិតរស់នៅឡើយ ។ សមាជិកសហគមន៍រូបនេះ ​ត្រូវប្រាកដខ្លួនឯងថា គាត់មិននិយាយ​អ្វី​ដែល​បង្ហាញ​ថា​គាត់​មិន​គាំទ្រ​ក្រុម​នោះ​ឡើយ ។ គាត់ មានអារម្មណ៍ថា មិនអាចបង្ហាញពីទស្សនៈពិតរបស់ខ្លួនបាន ។ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​គាត់​ត្រូវ​បាន​គេ​ដកហូត ។

ការគំរាមកំហែងចំពោះសកម្មជន និងក្រុមគ្រួសាររបស់ពួកគេ

សកម្មជនម្នាក់ដែលរិះគន់ប្រទេសដើមរបស់ពួកគេត្រូវបានអាជ្ញាធរធ្វើបាបពេលពួកគេត្រឡប់ទៅប្រទេសនោះ។ សហគមន៍នៅនូវែលសេឡង់បានឮអំពីរឿងនេះ ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអ្វីដែលកើតឡើងចំពោះអ្នកដែលពួកគេស្គាល់នោះ។

ប៉ុន្មានខែក្រោយមក នៅប្រទេសនូវែលសេឡង់ សមាជិកសហគមន៍ម្នាក់បានទទួលសារគំរាមកំហែង ព្រមានពួកគេឱ្យប្រុងប្រយ័ត្ន ប្រសិនបើពួកគេធ្វើដំណើរទៅក្រៅប្រទេស។ ពួកគេបាននិយាយលើកឡើង អំពីការព្រួយបារម្ភអំពីសិទ្ធិមនុស្សនៅក្នុងប្រទេសកំណើតរបស់ពួកគេ កាលដែលពួកគេកំពុងនៅប្រទេសនូវែលសេឡង់។ ឥឡូវនេះ ពួកគេព្រួយបារម្ភយ៉ាងខ្លាំងអំពីការទៅលេងគ្រួសាររបស់ពួកគេ និងឈប់សំរាកនៅក្នុងប្រទេសណាដែលអាចនឹងចាត់វិធានការតាមដីកាចាប់ខ្លួនពី រដ្ឋាភិបាលនៃប្រទេសដើមរបស់ពួកគេ។

មន្ត្រីរដ្ឋាភិបាលមកពីប្រទេសដើមរបស់ពួកគេបានទៅសួរសុខទុក្ខគ្រួសាររបស់ពួកគេនៅក្នុងប្រទេសនោះ ហើយឥឡូវនេះក្រុមគ្រួសាររបស់ពួកគេបានស្នើសុំឱ្យពួកគេឈប់និយាយអំពីសិទ្ធិមនុស្សនៅក្នុងប្រទេសនូវែលសេឡង់។ សម្ពាធនេះបានធ្វើឲ្យសមាជិកសហគមន៍ឈប់ទាក់ទងជាមួយគ្រួសារពួកគេ ដោយសារពួកគេបារម្ភពីសុវត្ថិភាពគ្រួសារពួកគេ។ ពួកគេក៏ព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងសេរីភាពនៃការនិយាយនៅក្នុងប្រទេសនូវែលសេឡង់ផងដែរ។

ការបិទគណនីធនាគារ បន្ទាប់ពីការបញ្ចេញមតិរិះគន់

សមាជិកសហគមន៍ម្នាក់ បាននិយាយប្រឆាំងនឹងប្រទេសកំណើតរបស់ខ្លួន ទៅកាន់ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុងប្រទេសនូវែលសេឡង់ ។ បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង សមាជិកសហគមន៍រូបនោះ បានទទួលទូរសព្ទពីធនាគាររបស់គាត់ នៅក្នុងប្រទេសនូវែលសេឡង់ ដោយគេបានប្រាប់ថា គណនី​របស់​គាត់ ត្រូវបានបង្កក ដោយសារតែឈ្មោះរបស់គាត់ បានស្ថិតនៅក្នុង​បញ្ជីអន្តរជាតិនៃ​មនុស្សដែលត្រូវ​បាន​ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ។ ត្រង់នេះ ត្រូវគេហៅថា 'ការរឹតបន្តឹងផ្នែកធនាគារ​ដោយមិន​ប្រាប់ដំណឹងជាមុន - debanking' ។ ពួកគេមិនអាចបើកលុយរបស់ពួកគេ ដែលផ្ញើទុកនៅធនាគារបាន ដោយសារគណនីធនាគាររបស់ពួកគេ ត្រូវបានបង្កក ។

សមាជិក​សហគមន៍រូបនោះ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ព្រោះ​គាត់​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​អ្វី​ឡើយ ។ ពួកគេជឿថា ឈ្មោះរបស់ពួកគេ ត្រូវបានដាក់ចូលក្នុងបញ្ជីដោយប្រទេសកំណើតរបស់គាត់ ដើម្បីបំភិតបំភ័យពួកគេ និងបញ្ឈប់ពួកគេមិនឲ្យរិះគន់ប្រទេសកំណើតរបស់គាត់ទៀត ។ ពួកគេ​មាន​អារម្មណ៍​ថា​ពួកគេ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​ឈប់​និយាយ​រិះគន់ប្រទេសកំណើតរបស់ពួកគេ ។

សម្ពាធលើអ្នករៀបចំកម្មវិធី ឱ្យចែករំលែកព័ត៌មាន

សហគមន៍ជនជាតិមួយកំពុងរៀបចំព្រឹត្តិការណ៍វប្បធម៌ ។ មានបុគ្គលម្នាក់ ដែលជាអ្នកតំណាង​រដ្ឋាភិបាល​នៃប្រទេសកំណើតរបស់អ្នករៀបចំព្រឹត្តិការណ៍នោះ បាន​ផ្តល់ជំនួយថវិកាយ៉ា​ង​ច្រើន​ដល់គាត់ ។ បុគ្គលនោះ បាននិយាយថា គេនឹងប្រគល់ជំនួយថវិកានោះដល់គាត់ (អ្នករៀបចំ​ព្រឹត្តិការណ៌) តែគឺជាថ្នូរនឹងការចែករំលែក​ព័ត៌មានអំពីសមាជិកក្នុងសហគមន៍នោះ  ។

អ្នក​រៀបចំ​ព្រឹត្តិការណ៍នោះ មិន​មានអារម្មណ៌ស្រួល​ក្នុងខ្លួនឡើយ​ពេលប្រឈមនឹងស្ថានភាពបែបនេះ ។ គាត់មាន​អារម្មណ៍ថាស្ថិតក្រោមសម្ពាធ ក្នុងការទទួលយកជំនួយថវិកានោះ សម្រាប់រៀបចំព្រឹត្តិការណ៍​នោះ ដោយធាតុពិត គឺគាត់មិនចង់ចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់សមាជិកសហគមន៍នោះទេ ។ តែនៅពេលគាត់​បដិសេធមិនទទួល​យកជំនួយថវិកានោះ គាត់មានការភ័យខ្លាច ។ គាត់​ព្រួយ​បារម្ភ​អំពី​អ្វី​ដែល​អាច​កើត​ឡើង​ចំពោះ​គាត់​ ដោយសារ​ការបដិសេធមិនទទួលយកជំនួយថវិកា ។ វាធ្វើឲ្យគាត់ មានអារម្មណ៍មិនស្រណុកក្នុងចិត្ត នៅក្នុង​សហគមន៍របស់គាត់ ។

ការបង្ខិតបង្ខំផ្នែកហិរញ្ញវត្ថុ ដើម្បីតាមដានសមាជិកសហគមន៍

មានសមាជិកសហគមន៍ម្នាក់ កំពុងជួបបញ្ហាហិរញ្ញវត្ថុ ។ មានបុគ្គលម្នាក់ នៅក្នុងសហគមន៍​របស់គាត់ បានទាក់ទងគាត់ ក្នុងនាមរដ្ឋបរទេស ដើម្បីផ្តល់ការងារឱ្យគាត់ធ្វើ ។ ការងារនោះ​គឺការតាមដាន​សមាជិកសហគមន៍ នៅប្រទេសនូវែលសេឡង់ ហើយរាយការណ៍ ទៅរដ្ឋបរទេស ។ ពួកគេចង់ដឹងថា នរណាខ្លះដែលរិះគន់រដ្ឋបរទេសនោះ ។

ស្ថានភាពនេះ បានធ្វើឲ្យសមាជិកសហគមន៍រូបនេះ មានអារម្មណ៍ទុក្ខព្រួយក្នុងចិត្ត ។ គាត់មិនចង់​ធ្វើជាអ្នក​ចាំតាមដានសហគមន៍របស់គាត់ឡើយ ។ គេបានយកបញ្ហាហិរញ្ញវត្ថុរបស់គាត់ មកប្រើ​ប្រាស់​ដើម្បី​បង្ខិតបង្ខំគាត់ ។ គាត់បានបដិសេធ ប៉ុន្តែ​គាត់មានការព្រួយ​បារម្ភ​ថា​តើ​នឹងមាន​អ្វី​មិនល្អអាចកើត​ឡើង​ចំពោះ​គាត់​ដែរឬទេ ចំពោះការបដិសេធនោះ។ គាត់ក៏បានចាប់​ផ្ដើម​ដកខ្លួន​ឲ្យឆ្ងាយ​ពី​សហគមន៍ ដោយ​បារម្ភ​ថា​បុគ្គលនោះ អាចមកទាក់ទងគាត់ម្តងទៀត ។ គាត់ក៏បាត់​បង់ការជឿទុកចិត្ត​លើមនុស្សនៅក្នុង​សហគមន៍​ផងដែរ ដោយមានអារម្មណ៍​មិនប្រាកដចិត្ត​ថាតើមានអ្នកណាខ្លះទៀត ដែលពាក់ព័ន្ធក្នុងសកម្មភាពទាំងនេះ ។

ទាញយកព័ត៌មាននេះនៅទីនេះ - នឹងមកដល់ឆាប់ៗនេះ